កម្ពុជា និងលុចសំបួ ចុះ Mou រួមគ្នាអភិវឌ្ឍន៍វិស័យសុខាភិបាលនៅខេត្តភាគឦសានកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួ ប្រចាំកម្ពុជា បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅរួមគ្នាជំរុញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅភាគឦសានកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាលរវាងក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួ ប្រចាំកម្ពុជា និងប្រទេសឡាវ បានធ្វើឡើងកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា និងសុខុមាលភាពប្រជាជន។លោកបានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផល ដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។

សូមជម្រាប់ថា កិច្ចសហប្រតិបត្តិការខាងលើនេះ បានផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ១. ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២. ការគាំទ្រសម្ភារបរិក្ខារពេទ្យ ៣. ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ៤. សុខភាពបន្តពូជ មាតា ទារក និងកុមារ (RMNCH) ៥. ការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ពិធីចុះហត្ថលេខា និងកិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយភាគីទាំងពីរបានផ្លាស់ប្តូរឯកសារ MoU ក្នុងស្មារតីប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងកម្ពុជា និងលុចសំបួឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕អត្ថបទ៖ហ្សាលីន