កម្ពុជា-កូរ៉េ បានបើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ដើម្បីសិក្សារៀបចំផែនការមេការគ្រប់គ្រងធនធានទឹកនៅកម្ពុជា សំដៅកំណត់ទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក ឱ្យកាន់តែមានប្រសិទ្ធភាព។


កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េ ដើម្បីសិក្សារៀបចំផែនការមេការគ្រប់គ្រងធនធានទឹក (Master Plan for Water Resources Management) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសរួមមាន Yooshin, K-water, KOMEC, Dongbo និង Dongwha និងមន្ទីររាជធានី-ខេត្តទាំង ២៤ (តាមប្រព័ន្ធអនឡាញ)។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការក្រសួងធនធានទឹក បានណែនាំដល់មន្ត្រីនៃអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េ ដើម្បីប្រមូលទិន្នន័យឱ្យបានសុក្រិត និងគ្រប់ជ្រុងជ្រោយ។ លោកបានសង្កត់ធ្ងន់ថា ផែនការមេនេះនឹងក្លាយជា «ត្រីវិស័យ» ដ៏សំខាន់សម្រាប់ក្រសួង ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក ឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

សូមជម្រាបបន្ថែមថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្តាប់របាយការណ៍របស់ក្រុមទីប្រឹក្សាបច្ចេកទេសលើលទ្ធផលនៃការចុះសិក្សា និងប្រមូលទិន្នន័យដែលមានស្រាប់តាមបណ្តាមន្ទីរជំនាញនានា។ របៀបវារៈសំខាន់ៗដែលបានពិភាក្សារួមមាន៖ ១. ស្ថានភាពនៃការប្រមូលទិន្នន័យ និងបញ្ជីគម្រោងអាទិភាពក្នុងដំណាក់កាលទី១។ ២. ការចែករំលែកលទ្ធផលសម្រេចបានក្នុងដំណាក់កាលទី១។ ៣. ការប្រមូលសំណូមពរបន្ថែមពីមន្ទីរជំនាញរាជធានី-ខេត្ត ដើម្បីដាក់ជាធាតុចូលក្នុងផែនការមេ។ ៤. ការកំណត់ទិសដៅសម្រាប់កិច្ចការចុះសិក្សានៅដំណាក់កាលទី២។ ៥. ការពិភាក្សាលើបញ្ហាផ្សេងៗដែលពាក់ព័ន្ធ និងការផលិតផែនការមេឱ្យបានសមស្របទៅនឹងនិន្នាការនៃការប្រែប្រួលអាកាសធាតុសកល និងការអភិវឌ្ឍវិស័យធនធានទឹកក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ហ្សលីន


