នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ ប្រព័ន្ធអនុគ្រោះទោសឌីជីថល នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ ដែលបានរៀបចំអភិវឌ្ឍន៍ដោយក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្មក្រសួងយុត្តិធម៌។

ប្រព័ន្ធអនុគ្រោះទោសឌីជីថល ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងគោលបំណងដើម្បីគ្រប់គ្រងការអនុគ្រោះទោស ឱ្យបាន់តែធានាបាននូវប្រសិទ្ធិភាព តម្លាភាព និងភាពងាយស្រួល សម្រាប់ការងារអនុគ្រោះទោស នៅគ្រប់ដំណាក់ កាលនៃនីតិវិធីរបស់គណៈកម្មការពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសគ្រប់ថ្នាក់។ ជារួមប្រព័ន្ធអនុគ្រោះទោសឌីជីថលនេះ បានអភិវឌ្ឍន៍រួចរាល់ប្រមាណជាង៩៥%ហើយ ដែលនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ ដើម្បីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខលាភ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្ម ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងមន្រ្តីជំនាញកិច្ចការឌីជីថលក្រសួងយុត្តិធម៌ចូលរួមផងដែរ៕








