សម្តេច ហ៊ុន សែន ពន្លឿនគម្រោងតភ្ជាប់ប្រព័ន្ធទឹកស្អាត តម្លៃ៣លានដុល្លារ ទៅកាន់តំបន់រុនតាឯក

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់រុនតាឯកឲ្យកាន់តែប្រសើរឡើង។ទន្ទឹមគ្នានេះ សម្តេច ក៏បានយល់ព្រមឲ្យពន្លឿនគម្រោងប្រព័ន្ធទឹកស្អាត តម្លៃជាង៣លានដុល្លារ ទៅកាន់តំបន់រុនតាឯកឲ្យបានឆាប់រហ័សផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើនេះ ត្រូវបានធ្វើឡើង នាពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលទី១៣ ខែកញ្ញា ឆ្នាំ២០២២។

នាពេលនោះ សម្តេច ហ៊ុន សែន បានយល់ព្រមនឹងណែនាំឲ្យ ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដើម្បីរៀបចំប្រព័ន្ធទឹកស្អាត តម្លៃជាង៣លានដុល្លារ ទៅកាន់តំបន់រុនតាឯក ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឲ្យកាន់តែរីកចំរើនថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមឯកឧត្តម ​ ចម​ ប្រសិទ្ធ​ ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានឲ្យដឹងថា គម្រោងប្រព័ន្ធទឹកស្អាតនេះ គឺមានប្រវែង១៧គីឡូម៉ែត្រ គ្រោងនឹងប្រើពេលបញ្ចប់រៀបចំការតភ្ជាប់ក្នុងរយៈពេល៨ខែ។

ក្រៅពីគម្រោងខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយទៅជា កូនក្រុងមួយរបស់ខេត្តសៀមរាប ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយ​ស្រួល​ធ្វើ​ដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ៕

អត្ថបទ៖ រង្សី