ភាគីថៃ មកកម្ពុជាប្រាប់ដំណឹងពីការបើកផ្សារណាត់ ទល់មុខច្រកព្រំដែនថ្មដា ខេត្តពោធិ៍សាត់

សង្គម​និង​សេដ្ឋកិច្ច

អភិបាលខេត្តត្រាត នៃប្រទេសថៃ លោក ឆាំណានវីត តេរ៉ាត់ មកាន់កម្ពុជាជួបប្រជុំពិភាក្សាជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ឈានទៅពន្លឿន និងបើកឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ «ថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត» ឱ្យបានឆាប់រហ័សនាពេលដ៏ខ្លីខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនោះ លោក ឆាំណានវីត តេរ៉ាត់ បានលើកឡើងថា មកជួបអភិបាលខេត្តពោធិសាត់ លើកនេះដើម្បីរឹតចំណងសាមគ្គីភាព មានកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមខេត្តជាប់ព្រំដែននឹងគ្នា។ លោកនថា លោកបានប្រើប្រាស់អំណាច និងតួនាទីផ្ទាល់ ក្នុងការបង្កើតផ្សារណាត់មួយ នៅច្រកព្រំដែនបានថាសែន ទល់មុខច្រកព្រំដែនថ្មដា ដើម្បីឲ្យប្រជាពលរដ្ឋនៅជាប់ព្រំដែន នៃប្រទេសទាំង២អាចដោះដូរ និងទិញទំនិញគ្នា។

ជាមួយគ្នានោះ ប្រសិនបើសភាពការណ៍ពុំមានអ្វីប្រែប្រួលទេនោះ លោក ឆាំណានវីត តេរ៉ាត់ បានបញ្ជាក់ថា «ផ្សារណាត់នេះ អាចនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ឆាប់ៗខាងមុខ»។

បើតាមលោកអភិបាលខេត្តត្រាត ការព្យាយាមមួយទៀតក្នុងការជំរុញសេដ្ឋកិច្ចនៃប្រទេសទាំង គឺលោកបានគិតគូរពីការរៀបចំធ្វើផ្សារណាត់ចល័តមួយ ដើម្បីឲ្យប្រជាជននៃខេត្តត្រាត អាចយកទំនិញមកលក់ដូរនៅខេត្តពោធិ៍សាត់បាន ហើយប្រជាជននៃខេត្តពោធិ៍សាត់ ក៏អាចយកទំនិញមកលក់ដូរនៅខេត្តត្រាតបានដែរ។ ការណ៍នេះដែលអាចទៅរួចដរាបណាថ្នាក់ដឹកនាំ មន្ទីរជំនាញ នៃខេត្តទាំង២ បានជួយពិភាក្សា និងចុះMOUនឹងគ្នា។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា ទាំងភាគីថៃ ក៏ដូចជាភាគីកម្ពុជា ចង់បានខ្លាំងណាស់ ក្នុងការពន្លឿន និងតម្លើងច្រកទ្វារព្រំដែនខាងលើ ឲ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិឲ្យបានឆាប់រហ័ស កត្តាសំខាន់នៅចំពោះមុខយើងនេះ យើងត្រូវដោះស្រាយបញ្ហាដែលសេសល់តាមព្រំដែនខ្លះ ហើយដំណើរការផ្សារណាត់ក៏ជាគ្រឹះដំបូងគេ ឈានដល់ការបើកច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ អភិបាលខេត្តត្រាត លោក ឆាំណានវីត តេរ៉ាត់ បានចុះទៅត្រួតពិនិត្យទីតាំងធ្វើផ្សារណាត់ ព្រំដែនបានថាសែន ទល់មុខច្រកថ្មដា ខេត្តពោធិ៍សាត់ និងទីតាំងសាងសង់មជ្ឈមណ្ឌលរាជការច្រកព្រំដែនបានថាសែន ដែលត្រូវប្រើប្រាស់កញ្ចប់ថវិកា ប្រមាណ២០០លានបាត របស់ក្រសួងមហាផ្ទៃ ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថានថៃ សម្រេចអនុញ្ញាតឲ្យប្រើប្រាស់តំបន់ព្រៃឈើ សម្រាប់ការសាងសង់ ដើម្បីប្រមូលទិន្នន័យរួម សម្រាប់យកទៅជួបពិភាក្សាការងារ ជាមួយអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕