សម្តេចតេជោ៖ គ្មានការយោគយល់ណាមួយនោះឡើយ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គ្មានការយោគយល់ណាមួយនោះឡើយ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ។សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយចាប់ផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំនាថ្ងៃនេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ នៅព្រឹកនេះ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា គ្មានការយោគយល់ណាមួយនោះ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។

សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

សម្តេចតេជោបានរំឭក​ដល់​មន្ត្រី​តាំងពីពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី ថាយើងត្រូវរត់ទៅរកការងារ កុំឱ្យការងារ​រត់​មក​រកយើង ហើយយើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង។ សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

សម្ដេចតេជោបានក្រើនរំឭកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន៕អត្ថបទ៖ហ្សាលីន