ដឹងអត់ថា ឥស្សរៈជនរូបណា ជាអ្នកឧបត្ថម្ភធំដល់ទូកឈ្មោះ «ក្តាមប្រៃ» ជើងខ្លាំងលេខ១រាល់ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ទូកង​​ឈ្មោះ «ក្តាមប្រៃ» ​​ដែល​ឈ្នះ​ការ​​ប្រណាំង​ថ្នាក់​ជាតិ​ទទួល​បាន​លេខ​១ ស្ទើរ​រៀងរាល់​ឆ្នាំ ​​​​​ដំបូង​ឡើយ​គឺ​ជា​ទូក​​​ដ៏​កម្សត់​មួយ ​ខណៈ​ដែល​ក្រុម​កីឡាករ​សុទ្ធ​តែ​អ្នក​ក្រខ្សត់ និង​ពុំ​សូវ​មាន​អ្នក​មាន​ ឧកញ៉ា ឬ​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​​ណា ជួយ​ឧបត្ថម្ភ​​​​ធំ​នោះ​ទេ។ ​ទោះ​យ៉ាងណា ​​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ទូក «ក្តាមប្រៃ» ​​​​​លែង​កម្សត់​ទៀត​ហើយ ព្រោះ​មាន​លោក​ស្នងការ​​ខេត្ត​កំពង់ឆ្នាំង ​​​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ធំ និង​​ជួយ​គាំទ្រ​ទាំង​ស្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទូកង ឈ្មោះ ក្តាមប្រៃ គឺជាទូកមួយដែលល្បីល្បាញនៅក្នុងខេត្តកំពង់ឆ្នាំង ស្ថិតនៅស្រុកកំពង់ត្រឡាច ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យអុំទូកនៅរាជធានី​ភ្នំពេញ តែងតែមានការលំបាកក្នុងការចំណាយថវិកា ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០១៩ «ទូកងក្តាមប្រៃ» លែងកំសត់ទៀតហើយ ព្រោះ​មាន​លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជា​អ្នក​ជួយ​ឧបត្ថម្ភ​ការ​ចំណាយ​ស្ទើរ​ទាំង​ស្រុង។

ក្រៅពី​លោក​ស្នងការ​​ខេត្ត​កំពង់ឆ្នាំង ទូក​ង​ក្តាមប្រៃ ​​ក៏​ទទួល​បាន​ការ​គាំទ្រ​​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ និង​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ។ ជាក់ស្តែង កាលពី​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ២០២២ ​​លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី​ស្នងការ​នគរបាល​ខេត្ត និង​លោក​ជំទាវ កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ​​បាន​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​ជា​ច្រើន​ ជូន​ក្រុម​កីឡាករ​នៃ​ទូក​ក្តាមប្រៃ ខណៈ​ដែល​ពួកគេ​កំពុង​ហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួត​មិត្តភាព​នៅ​ខេត្ត​កំពង់ចាម។

បើ​តាម​អនុសាសន៍​របស់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ថ្វីបើ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្អាក​ពី​ធី​អុំទូក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ក៏​ពិតមែន ប៉ុន្តែ​បាន​អនុញ្ញាត្តិ​ឱ្យ​តាម​បណ្តា​ខេត្ត ត្រូវ​រៀបចំ​ពិធី​អុំទូក អកអំបុក សំពះ​ព្រះ​ខែ តាម​ទំនៀមទម្លាប់​ពី​ដូនតា ផង​ដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​កំសាន្ត​សប្បាយ​ផង និង​បន្ត​ថែរក្សា​មរតក ពិធី​អុំទូក​នេះ​ផង ហើយ​សម្រាប់​ខេត្តកំពង់ឆ្នាំង នឹង​រៀបចំ​ពិធី​នេះ នៅ​ខែវិច្ឆិកា ខាង​មុខ​នេះ ក្នុង​នោះ​ ទូកង «ក្តាមប្រៃ» ​​ក៏​នឹង​បង្ហាញ​វត្តមាន​​​ក្នុង​ការ​ប្រណាំង​ប្រជែង ដើម្បី​ជូន​បងប្អូន​ទស្សនា​កម្សាន្ត​ផងដែរ។

សូម​រំលឹក​ថា ទូកងឈ្មោះ «ក្តាមប្រៃ» ជា​ទូក​ដែល​គ្រប់គ្រង​មើលថែ​ទាំ ដោយ​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង។ ទូក​នេះ​ជា​ប្រភេទទូកអុំ មាន​ប្រវែង​២៨,៣ ម៉ែត្រ មាន​ចំណុះ​កីឡាករ ចំនួន​៦៩​នាក់។ ទូក​នេះ​ធ្លាប់​ទទួល​ជ័យ​ជំនះ​ថ្នាក់​ជាតិ​ជា​រៀង​រាល់​ឆ្នាំ និង​បាន​ដាក់​​តម្កល់​នៅ​​សាលា​បុណ្យ​ ភូមិ​កំពង់​ក្តា ឃុំ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង៕