អាល្លឺម៉ង់ ប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

អាល្លឺម៉ង់ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

ជំនួបពិភាក្សានេះ មានគោលបំណងផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងវឌ្ឍនភាព ទិសដៅ និងឱកាសក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ នាពេលអនាគត ។ ជំនួបនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរទស្សនៈលើអាទិភាពក្នុងកិច្ចសហប្រតិបត្តិការដែលជាធាតុចូលក្នុងការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា–អាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសាទរចំពោះភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។ លើសពីនេះ លោកបានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ និងជាការទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែង ជាពិសេសការរក្សានិរន្តរភាពនៃជំនួយអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័នសាធារណៈ។

ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនដែលគណៈប្រតិភូបានសង្កេតឃើញដោយផ្ទាល់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដែលទទួលបានលិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ, ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងគាំពារសង្គម។

លើសពីនេះ ភាគីអាល្លឺម៉ង់គូសបញ្ជាក់សារជាថ្មីនូវការបន្តការប្ដេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន