ជប៉ុន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនពីជប៉ុនមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន បានបង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគិនពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត សំដៅរឹតចំណង់មិត្តភាពប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោកជំទាវ OBUCHI Yuko ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានជម្រាបពីបច្ចុប្បន្នភាពការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងបានរំលេចពីការលើកកម្ពស់បរិយាកាសវិនិយោគឱ្យកាន់តែមានភាពអនុគ្រោះ និងបើកចំហរបស់ ក្រោមច្បាប់ស្តីពីវិនិយោគថ្មី និងយន្តការសម្របសម្រួលដល់ការវិនិយោគពីបរទេសនៅកម្ពុជា។ តួយ៉ាង លោកថា យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន និងយន្តការផ្សេងៗទៀតដែលបានដាក់ចេញ ក៏ដើម្បីជាការផ្តល់នូវកិច្ចសម្របសម្រួលនិងថែទាំគាំទ្រដល់គ្រប់គម្រោងវិនិយោគដែលកំពុងដំណើរការ។

ជាការឆ្លើយតប លោកស្រី OBUCHI Yuko បានស្វាគមន៍ចំពោះវឌ្ឍនភាពទាំងផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកស្រី បានបង្ហាញនូវសុច្ឆន្ទៈក្នុងការបន្តជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគិនពីជប៉ុនទៅកាន់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។


សូមជម្រាប់ដែរថា តាមរយៈជំនួបពិភាក្សានោះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញជំហរដ៏ម៉ឺងម៉ាត់ជូនដល់ជប៉ុនថា  ជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះជាមួយថៃ គឺប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដោយផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិជាធរមាន ព្រមទាំងការអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន