៣ខែ៖ រដ្ឋ បានបញ្ជាទិញឯកសណ្ឋានយោធា ក្នុងតម្លៃ ៧,៥ លានដុល្លារ ពីរោងចក្រកូនខ្មែរ DSS

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ទន្ទឹមគ្នានេះ ក្នុងរយៈពេលប្រមាណ៣ខែមកនេះ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រនេះ មានតម្លៃ ៧,៥ លានដុល្លាររួចហើយផងដែរ។នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលគឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ។ សម្ដេចបានបញ្ជាក់ អំពីគុណភាពអាវក្រោះដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាសាករួចហើយដែរ។

សម្ដេចបន្តទៀតថា ហើយក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ។

សូមជម្រាបថា រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល៕ អត្ថបទ៖ហ្សាលីន