ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) បានធ្វើការក្រើនរម្លឹកឡើងវិញអំពីយន្តការឌីជីថល និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន។

CDC នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងស្មារតីចូលរួមធ្វើសាមញ្ញកម្ម ពន្លឿននីតិវិធី និងការពារផលប្រយោជន៍របស់វិនិយោគិន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ធ្វើការក្រើនរម្លឹកឡើងវិញអំពីយន្តការឌីជីថល និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់សេវារបស់ ក.អ.ក. ដូចខាងក្រោម៖
ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការអនុម័តចេញវិញ្ញាបនបត្រ ត្រូវបានអនុវត្តទាំងស្រុងតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។
យន្តការនេះត្រូវបានរៀបចំឡើងដើម្បីពន្លឿននីតិវិធី ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស់រឹងមកជាទម្រង់ឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានដំណើរការ នៃការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដោយខ្លួនឯងផ្ទាល់ប្រកបដោយតម្លាភាព។

រាល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងឯកសាររដ្ឋបាលពាក់ព័ន្ធដែលចេញដោយ ប្រព័ន្ធ cdcIPM គឺជាឯកសារឌីជីថល ដែលត្រូវបានចុះហត្ថលេខា និងប្រថាប់ត្រាអេឡិចត្រូនិក (e-Signature និង e-Stamp) មាន QR Code ដែលភ្ជាប់ទៅកាន់ដែនជាតិ “.gov.kh” មានតម្លៃជាជាឯកសារច្បាប់ដើម ដោយមិនចាំបាច់ធ្វើកិត្យានុកូលកម្មឡើយ។
ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវ សូមវិនិយោគិន និងភាគីពាក់ព័ន្ធ មេត្តាស្កេន QR Code នៅលើឯកសារដូចបានរៀបរាប់ខាងលើ។ ព័ត៌មាននៅលើឯកសារដែលត្រឹមត្រូវ គឺនឹងបង្ហាញដូចគ្នាជាមួយនឹងព័ត៌មានដែលទាញចេញពីដែនជាតិ “.gov.kh”។ ផ្ទុយទៅវិញ ក្នុងករណីព័ត៌មាននៅលើឯកសារ មិនដូចគ្នាជាមួយនឹងព័ត៌មានដែលបានបង្ហាញតាមការស្កេន QR Code ឬមិនចេញពីដែនជាតិណាមួយរបស់រដ្ឋាភិបាល នោះបានន័យថាឯកសារមានភាពមិនប្រក្រតី ឬជាឯកសារក្លែងក្លាយ៕ អត្ថបទ៖ ហ្សាលីន

