អ្នកធុរកិច្ចអឺរ៉ុប មកសិក្សាពីសក្តានុពលវិនិយោគវិស័យឌីជីថល ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូធុរកិច្ចបច្ចេកវិទ្យាអឺរ៉ុប បានសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល និងស្វែងរកដៃគូដែលមានសក្ដានុពលនៅកម្ពុជា សំដៅឈានទៅបោះទុនវិនិយោគនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចពិភាក្សារវាង លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយគណៈប្រតិភូធុរកិច្ចអឺរ៉ុបដែលដឹកនាំដោយ លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មប្រចាំកម្ពុជា កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ជំនួបពិភាក្សានេះ​ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ថាមពលកកើតឡើងវិញ និងការស្វែងរកដៃគូធុរកិច្ចនៅកម្ពុជា។

នាឱកាសនោះ លោក សួន សុផល ស្វាគមន៍គណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល និងស្វែងរកដៃគូដែលមានសក្ដានុពលនៅកម្ពុជា។ លោកបញ្ជាក់ពីលក្ខណៈពិសេសនៃរបបវិនិយោគកម្ពុជាដែលផ្តល់នូវកិច្ចសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងគោលនយោបាយបើកចំហ ក្រោមច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា។

បន្ថែមលើនេះ លោកបានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយបរិយាបន្ន និងចីរភាព តាមរយៈការជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងថាមពលបៃតង។

ជាការឆ្លើយតប គណៈប្រតិភូអ៉ឺរ៉ុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់វិនិយោគិន។ ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានបង្ហាញចំណាប់អារម្មណ៍អំពីការរៀបចំកម្លាំងពលកម្មដើម្បីគាំទ្រដល់ការវិនិយោគក្នុងវិស័យខាងលើផងដែរ។

សូមជម្រាបថា នៅក្នុងជំនូបនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសង្កត់ធ្ងន់ថា កម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីថ្នាក់ជាតិក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥ លាននាក់ និងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund)។ ជាងនេះទៅទៀត វិនិយោគិនអាចសហការជាមួយវិទ្យាស្ថាន TVET ដើម្បីរៀបចំកម្មវិធីសិក្សាស្របតាមតម្រូវការជាក់ស្តែងផងដែរ៕ អត្ថបទ៖ហ្សាលីន