តាមរបាយការណ៍របស់ខេត្តបាត់ដំបងបានឱ្យដឹងថា នៅឆ្នាំ២០២៥ ខេត្តបាត់ដំបង មានទំហំសេដ្ឋកិច្ចប្រមាណ ១៤ ៥១៦ ៧៤៣,១លានរៀល ស្មើនឹង៣ ៦១៨,៣លានដុល្លារ។ ក្នុងនោះវិស័យកសិកម្មគ្របដណ្តប់ខ្ពស់ជាងគេ បន្ទាប់មកវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម។

របាយការណ៍នេះបានបង្ហាញឡើងនៅក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិនប្រមាណជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តបាត់ដំបង និងប៉ៃលិនដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គួរជម្រាបបន្ថែមថា ខេត្តបាត់ដំបងស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា ចែកចេញជា១៤ក្រុង ស្រុកមាន១០៣ឃុំសង្កាត់ ស្មើនឹង ៨៤២ភូមិ។ ខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប និងខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃ៕

