នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ ក្នុងប្រទេសស្វ៊ីស ដើម្បីបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការរបស់ឧស្សាហកម្ម ក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពល ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសស្វ៊ីស តាមរយៈទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មកម្លាំងពលកម្មទៅក្នុងទីផ្សារការងារ ព្រមទាំងការគាំទ្ររយៈពេលវែងដល់ការពង្រឹងស្ថាប័ន។

លោកបានលើកឡើងពី “កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY)” ដែលជាគំនិតផ្តួចផ្តើមដ៏ចាំបាច់មួយ កំពុងជួយបង្កើនលទ្ធភាពទទួលបានការងារដល់យុវជន ពង្រឹងការផ្សារភ្ជាប់រវាងការបណ្តុះបណ្តាល TVET និងវិស័យឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ឱកាសការងារប្រកបដោយបរិយាបន្ន។ លោកក៏បានទទួលស្គាល់នូវឧត្តមានុវត្តន៍របស់ប្រទេសស្វ៊ីសលើឆាកអន្តរជាតិក្នុងវិស័យ TVET ជាពិសេសប្រព័ន្ធគំរូនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមបញ្ចូលការសិក្សាក្នុងថ្នាក់រៀនជាមួយបទពិសោធការងារជាក់ស្តែងនៅកន្លែងការងារ។

លោក ហ្សេរ៉ូម កូសង់ដេ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីលើការអភិវឌ្ឍជំនាញ និងការផ្សារភ្ជាប់ TVET ជាមួយទីផ្សារការងារ។ លោកបានបង្ហាញឆន្ទៈបន្តពិភាក្សាពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធកម្មសិក្សា ការចូលរួមរបស់វិស័យឯកជន ការធានាគុណភាព និងការផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរ។ កម្ពុជា និងស្វីស បានឯកភាពគ្នា ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍកម្មវិធី TVET និងការអភិវឌ្ឍជំនាញ ព្រមទាំងការកសាងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល ការធ្វើទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចំណេះដឹង។
គូសបញ្ជាក់ថា បច្ចុប្បន្នដំណើរការកំណែទម្រង់កម្មវិធី TVET និងការផ្លាស់ប្តូរកម្លាំងពលកម្មរបស់កម្ពុជា បានផ្តោតលើការលើកកម្ពស់ជំនាញ ការអភិវឌ្ឍជំនាញឌីជីថល ការពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលតាមរយៈកម្មវិធី TVET ១,៥ លាន សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធ្វើឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារការងារ ពង្រឹងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម និងបង្កើនឱកាសការងារសម្រាប់អ្នកបញ្ចប់ការសិក្សា៕

