អគារមន្ទីរពេទ្យកាល់ម៉ែតកម្ពស់១២ជាសាង​សង់​សម្រេចបាន​ជាង​៩០ភាគរយហើយ

សង្គម​និង​សេដ្ឋកិច្ច

អគារថ្មី «តេជោអភិវឌ្ឍន៍» នៅក្នុងបរិវេនមន្ទីរពេទ្យកាលម៉ែត គិតមកទល់ពេលនេះសាងសង់សម្រេច​បានប្រមា​ណ​ជាង៩២ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល ក្នុងដំណើរដឹកនាំគណៈប្រតិភូចុះពិនិត្យមើលការងារសាងសង់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សំណង់អគារនេះ ជាការអភិវឌ្ឍមួយ​ជំហាន​នៅក្នុងវិស័យសុខាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយទៅជា​មន្ទីរ​ពេទ្យ​ទំនើបមានលក្ខណៈគ្រប់គ្រាន់ ដើម្បីថែទាំនិងព្យាបាលប្រជាពលរដ្ឋ បានល្អប្រសើរ មិនឲ្យចាញ់​ប្រទេស​គេ។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរមន្រ្ដីបុគ្គលិករបស់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដែលបាន​ខិតខំអស់ពីកម្លាំងចិត្ដ អនុវឌ្ឍនូវគោលនយោបាយ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ឆ្លើយតបទៅ​នឹង​តម្រូវ​ការរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា អគារថ្មី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសាងសង់នេះ មានគ្រែអ្នកជំងឺចំនួន៤៦៥ បើគិត​ជាម៉ែត្រ​ការ៉េ​មានចំនួនជាង៤ម៉ឺ​នម៉ែត្រការ៉េ ដែលអាចថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ អគារនេះ ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសីលានិងបើកការដ្ឋានសាងសង់កាល ឆ្នាំ២០១៨ ។ អគារទំនើបនេះ មានបំពាក់​នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗ​ទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប ៕