ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង ទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា។
នេះបើយោងតាមជំនួបពិភាក្សាការងារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ស្ថិតក្នុងទីក្រុង Suwon ខេត្ត Gyeonggi ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីសិក្សាស្វែងយល់អំពីសាវតានៃការធ្វើនវានុវត្តន៍ឌីជីថលរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជានៅក្នុងតំបន់ ដែលស្របនឹងផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung។

ជាការឆ្លើយតប លោកអគ្គនាយក ក្រុមហ៊ុន Samsung Electronics បានទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជាទាំងនោះផងដែរ ហើយមុននឹងក្រុមហ៊ុនធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគ គឺត្រូវឆ្លងកាត់នីតិវិធីផ្ទៃក្នុងតាមលំដាប់លំដោយ ហេតុនេះក្រុមហ៊ុនអាចនឹងត្រូវការចំណាយពេលមួយរយៈ។

តាមរយៈជំនួបខាងលើ ជាការចូលរួមបន្ថែមសំដៅជំរុញការសម្រេចចិត្តរបស់ក្រុមហ៊ុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងផ្តល់ជូននូវព័ត៌មានយុទ្ធសាស្ត្រចាំបាច់ផ្សេងៗដល់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃមុននឹងឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

សូមជម្រាបដែរថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics ក្នុងទីក្រុង Suwon ខេត្ត Gyeonggi នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៩ ហើយបច្ចុប្បន្នមានបុគ្គលិកបម្រើការសរុបប្រមាណ ៣៥.០០០នាក់៕អត្ថបទ៖ហ្សាលីន