នៅចំពោះមុខលោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍, លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា បានបង្ហាញ ការចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីរបស់សមាគមក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។
ការបញ្ជាក់បែបនេះរបស់លោក U Kyaw Bohne Naing ធ្វើឡើងនៅក្នុងឱកាសដែលលោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) និង តំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) វេទិកាធុរកិច្ចទេសចរណ៍ (B2B Forum) និងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លើសពីនេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាអំពីការលើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងវិនិយោគិនរបស់មីយ៉ាន់ម៉ា ឱ្យស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យទេសចរណ៍នៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕




