សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ និងវប្បធម៌ដ៏ល្បីល្បាញប្រចាំខេត្តសៀមរាប ត្រូវបានរំលេចឡើងយ៉ាងត្រកាល នៅក្នុងវីដេអូចម្រៀងផ្លូវការ (Official MV) បទ «សៀមរាបឃ្លាតស្នេហ៍» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ដែលកំពុងតែអង្រួនបេះដូងអ្នកស្តាប់ និងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន។ អ្វីដែលកាន់តែពិសេស និងទាក់ទាញខ្លាំងថែមទៀតនោះ គឺការចូលរួមសម្តែងយ៉ាងសមសួនពីសំណាក់សិល្បការិនីជើងចាស់ដ៏មានសមត្ថភាព គឺកញ្ញា នី មុនីនាថ ដែលធ្វើឱ្យសាច់រឿងមនោសញ្ចេតនាយ៉ាងកម្សត់នេះ កាន់តែចាក់ដោត និងអង្រួនចិត្តទស្សនិកជនទ្វេដង។

តាមរយៈការរៀបចំសាច់រឿងយ៉ាងសម្រិតសម្រាំង និងការសម្តែងដ៏រស់រវើក បទចម្រៀងនេះបាននាំអារម្មណ៍ទស្សនិកជនឱ្យគយគន់តំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងទីសក្ការៈបូជាល្បីៗជាច្រើន។ ក្នុងនោះមានការបង្ហាញពីភាពស្កឹមស្កៃនៃប្រាសាទអង្គរតូចនិងអង្គរធំ រួមជាមួយនឹងសម្រស់ស្រះស្រង់នាពេលព្រះអាទិត្យរះចាំងចែងយ៉ាងស្រស់ត្រកាល។ ក្រៅពីនេះ វីដេអូចម្រៀងក៏បានរំលេចពីទិដ្ឋភាពជំនឿនិងវប្បធម៌ តាមរយៈសកម្មភាពបន់ស្រន់និងធ្វើបុណ្យដាក់ទាននៅចំពោះមុខព្រះអង្គចេកព្រះអង្គចម ព្រមទាំងសោភ័ណភាពដ៏ស្រទន់នៃមាត់ស្ទឹងខេត្តសៀមរាបផងដែរ។

ការបញ្ចូលផ្ទាំងទស្សនីយភាពតំបន់ទេសចរណ៍ទាំងនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញ និងលើកកម្ពស់ចរន្តភ្ញៀវទេសចរឱ្យមកកម្សាន្តនៅលើទឹកដីខេត្តសៀមរាបកាន់តែច្រើនឡើង។
គួរបញ្ជាក់ផងដែរថា បទចម្រៀងនេះជាការដឹកនាំសម្តែងរបស់ Dr.JONATHAN និងនិពន្ធទំនុកច្រៀងដោយលោក សយ សិរីវុឌ្ឍ។ លោកអ្នកអាចចូលរួមទស្សនាវីដេអូពេញនៅលើឆានែល YouTube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra។







