ក្រសួងប្រៃសណីយ៍ និងធនាគារជាតិនៃកម្ពុជា បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានសហការរៀបចំ ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការនេះ មានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា យុទ្ធនាការដែលយើងកំពុងប្រកាសបើកនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ អ្នកប្រើប្រាស់ស៊ីមកាតទូទៅ ពីព្រោះថា លេខទូរសព្ទរបស់ លោក លោកស្រី និងអ្នកប្រើប្រាស់ទូទៅ គឺសុទ្ធសឹងតែភ្ជាប់ជាមួយគណនីធនាគារ កាបូបលុយឌីជីថល (Wallet) ការផ្ទេរប្រាក់ បណ្តាញសង្គមដូចជា Telegram, Facebook, Tik Tok សេវាសាធារណៈ និងឯកជន និងកិច្ចការផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ជា វ៉ាន់ដេត បានគូសរំលេចបន្ថែមទៀតថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងអត្តសញ្ញាណគណនីធនាគារ ឬគណនីទូទាត់សងប្រាក់ គឺជារបាំងការពារដ៏រឹងមាំមួយសម្រាប់អ្នកប្រើប្រាស់ ក្នុងការកាត់ផ្តាច់ឫសគល់នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗនៅក្នុងស្រុក។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា «ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជាកូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសង្គមផងដែរ»។

សូមជម្រាបជូនផងដែរថា តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG Super App ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះ ក៏នឹងរួមចំណែកក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច ​និងសង្គមឌីជីថលនៅកម្ពុជា៕