រដ្ឋម​ន្រ្ដីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលជំនាញសន្ដិសុខបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបឯកឧត្តម CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះគឺជាការផ្ដល់ថាមពលថ្មីមួយទៀតសម្រាប់ជំរុញសន្ទុះនៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា និងកាណាដា លើការងារសន្ដិសុខ និងរដ្ឋបាលសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវិស័យសន្ដិសុខ ឧបនាយករដ្ឋមន្រ្ដី ស សុខា បានរំលេចអំពីលទ្ធផលនៃកិច្ចសហប្រតិបត្ដិការកន្លងមក និងបានបំផុសភាគីកាណាដាពិចារណាពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ដោយផ្ដោតលើការងារបណ្ដុះបណ្ដាលជំនាញសន្ដិសុខបច្ចេកវិទ្យា ដល់មន្រ្ដីនគរបាលជាតិកម្ពុជា ជាពិសេសការពង្រឹងសមត្ថភាពស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ដោយឡែកនៅក្នុងវិស័យរដ្ឋបាលសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដីនៅប្រទេសកាណាដាដោយបន្ថែមទៀតថា ក្នុងនាមក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្ដមមានបំណងជំរុញ និងស្នើឱ្យភាគីទាំងពីរបង្កលក្ខណៈឈានទៅចាប់ផ្ដើមកិច្ចពីភាក្សាលម្អិត រកលទ្ធភាពជំរុញការផ្លាស់ប្ដូរបទពិសោធក្នុងវិស័យគ្រប់គ្រងរដ្ឋបាលដែនដី។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម CHRISTIAN DESROCHES បានប្រកាសស្វាគមន៍ និងបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការជំរុញការងារនេះឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។ ឯកឧត្ដម ថែមទាំងបានបញ្ជាក់ទៀតថា ប្រទេសកាណាដាមានការប្ដេជ្ញាចិត្ដខ្ពស់ដើម្បីពង្រីក និងជំរុញកិច្ចសហប្រតិបត្ដិការថ្មីៗបន្ថែមទៀតជាមួយប្រទេសកម្ពុជា៕