ផ្លូវបេតុង ២ ខ្សែត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យសាងសង់ ក្រោយពីមានការពិចារណាជាង២ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរជាតិអប្សរាបានសម្រេចអនុញ្ញាតឲ្យសាងសង់ផ្លូវបេតុង២ខ្សែលើខ្នងទំនប់ចាស់ ស្ថិតនៅភូមិថ្នល់បណ្ដោយ និងភូមិថ្នល់ទទឹង នៃឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីមានការជជែកតវ៉ា តស៊ូមតិស្នើសុំផ្លូវបេតុងប្រវែងជាង ៣ គីឡូម៉ែត្អស់រយៈពេលជាង២ឆ្នាំ អាជ្ញាធរជាតិអប្សរាបានពិចារណាលើ​ហេតុនិងផល ក៏សម្រេចឲ្យសាងសង់ផ្លូវ២ខ្សែតាមការស្នើសុំតែត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌមួយចំនួន។

រូបតំណាង

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​ជា​មូលដ្ឋាន​ដែល​សាងសង់​ផ្លូវ​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់លោក​ផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុងដែលមានប្រវែងសរុបជាង៣គីឡូម៉ែត្រនេះ។

ផ្លូវបេតុងទាំង២ខ្សែនេះនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក​បន្ត​ថា រដ្ឋបាលស្រុកបន្ទាយស្រីនឹងខិតខំប្រឹងប្រែងគ្រប់រូបភាព ដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សាអត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញាមិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះប៉ះពាល់ទៅដល់ទេសភាពដែលមានស្រាប់នៅតាមដងផ្លូវឡើយ ជាពិសេសការពារមិនឱ្យបាត់បង់ដើមឈើទាំងអស់ដែលមានស្រេចនៅទីនោះ។

លោក​បន្ត​ដោយ​ក្តីសង្ឃឹម​ថា រុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់មិនគួរឱ្យទាក់ទាញនឹងវិលត្រលប់ទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញ ហើយទីធ្លាមុខផ្ទះដែលជាកន្លែងដែលតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ ក៏នឹងប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានកូនក្មេងរត់លេង និងមានអ្នកភូមិលក់ដូររបស់របរហូបចុកជាហូរហែរដូចភូមិព្រះដាក់ផងដែរ។

បើ​លោកអភិបាល​ស្រុក ការសាងសង់ផ្លូវនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២នេះតែម្ដង ដោយថវិកាសម្រាប់អភិវឌ្ឍន៍បានមកពីមូលនិធិឃុំ មូលនិធិស្រុក និងមូលនិធិបឹងទន្លេសាបបូកបញ្ចូលគ្នា៕