ទឹកចិត្តសប្បុរសធម៌ និងការផ្តល់ឱកាសអប់រំដល់កុមារខ្វះខាត នៅតែបន្តហូរមិនដាច់។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ នឹងដឹកនាំសហការី ព្រមទាំងក្លឹបសារព័ត៌មានធុរកិច្ចខេមអេដ (CamEd Business Journalism Club) ធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ក្នុងបេសកកម្មមនុស្សធម៌ដ៏ធំមួយ ដើម្បីនាំយកសម្ភារៈសិក្សា និងស្បៀងអាហារ ទៅចែកជូនដល់សិស្សានុសិស្សកំព្រានិងក្រីក្រសរុបចំនួន ១១៤នាក់ ដែលកំពុងជ្រកកោន និងសិក្សានៅសាលារៀនភូមិវាលរុនតាឯក។


សូមជម្រាបជូនផងដែរថា សាលារៀន ភូមិវាលរុនតាឯក មិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជា «មជ្ឈមណ្ឌលអប់រំ និងមណ្ឌលថែទាំកុមារ» ដ៏មានសារៈសំខាន់ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ ដោយក្រុមអ្នកស្ម័គ្រចិត្តជាគ្រូបង្រៀន។ មណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងវត្តប្រាសាទ ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
បច្ចុប្បន្ន ទីកន្លែងនេះបានក្លាយជាជម្រកដ៏កក់ក្តៅតែមួយគត់សម្រាប់កុមារកំព្រា និងកុមារក្រីក្រចំនួន ១១៤នាក់ ដែលខ្វះលទ្ធភាពទទួលបានការអប់រំ។ លើសពីការបង្រៀនអក្សរ មណ្ឌលនេះបានធានារ៉ាប់រងទាំងស្រុងលើការផ្តល់ជម្រកស្នាក់នៅ និងរបបអាហារបីពេលជារៀងរាល់ថ្ងៃ ក្រោមការមើលថែ និងចម្អិនអាហារយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្គោល អ្នកថែទាំ និងចុងភៅ ដែលធ្វើការដោយបេះដូង។
ដើម្បីឱ្យយុទ្ធនាការនាថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ កាន់តែមានភាពអធិកអធម និងអាចជួយកុមារបានកាន់តែច្រើន មូលនិធិអប់រំកុមារ បានបើកចំហបេះដូង និងអំពាវនាវដល់សប្បុរសជនជិតឆ្ងាយទាំងអស់ ដែលមានបំណងចង់ចូលរួមចំណែកជាថវិកា ក្តីស្រឡាញ់ ឬចង់ចុះទៅធ្វើសកម្មភាពផ្ទាល់ជាមួយក្រុមការងារ អាចទាក់ទងចុះឈ្មោះចូលរួមចាប់ពីពេលនេះតទៅ។
រាល់ការចូលរួមរបស់លោកអ្នក គឺជាការផ្តល់ពន្លឺ អនាគត និងស្នាមញញឹមដល់កុមារកម្ពុជាដែលកំពុងខ្វះខាត។
គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការសិក្សា ក៏ដូចជាការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគដល់កុមារដែលមានជីវភាពខ្វះខាត។
បេសកកម្មរបស់មូលនិធិ អប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា៕





