ហាងចរណៃ ប្រកាសផ្អាកដំណើរការយ៉ាងយូរ ២ខែទៀត ដើម្បីលក់បង្ហើយស្តុក និងទុកពេលឱ្យបុគ្គលិក​រកការងារថ្មី

សង្គម​ និង​សេដ្ឋកិច្ច

ហាងយីហោ «ចរណៃ» ដែលប្រកបអាជីវកម្មលក់ និងចែកចាយត្រីក្លាសេ និងផលិតផលម្ហូបអាហារ នៅថ្ងៃទី២៣ ខែមិថុនានេះ បានប្រកាសផ្អាកដំណើរការយ៉ាងយូរ ២ខែទៀត ដើម្បីលក់បង្ហើយស្តុកដែលមានស្រាប់ និងទុកពេល​ឱ្យបុគ្គលិក​រកការងារថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីជូនដំណឹង លើទំព័រហ្វេសប៊ុក ហាងចរណៃ បានប្រកាសបែបនេះថា៖ “ជាថ្មីម្តងទៀត ហាងចរណៃ​សូមអភ័យទោសចំពោះកំហុសឆ្គងនានា និងគោរពអរគុណដល់អតិថិជនទាំងអស់​ដែលបានគាំទ្រហាង​យើងខ្ញុំ​កន្លងមក។ យើងខ្ញុំសូមជម្រាបថា បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការយ៉ាងយូរ​ត្រឹមថ្ងៃទី ២២ សីហា ២០២៦ តទៅ។ យើងខ្ញុំទុករយៈពេលនេះ ដើម្បីបង្ហើយស្តុកដែលមានស្រាប់ ដើម្បីឱ្យ​បុគ្គលិកមាន​ពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មីនៅទីតាំងដដែល ឬនៅស្រុកកំណើត និងទុកពេលឱ្យម្ចាស់ផ្ទះ​ជួលអាចរកអ្នកជួលថ្មីបាន”។ 

ជាថ្មីម្តងទៀត ហាងចរណៃ ក៏បានបញ្ជាក់ថា ហាងលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹម​នៅ​ប្រទេស​ន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបាន​យ៉ាង​មានសុវត្តិភាព។ ហាងចរណៃមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោត​ដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេស ន័រវែស នោះដែរ។

សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួង​ពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ»។ ជាលទ្ធផល ក្រុមការងារបានរកឃើញថា ហាងនេះបានធ្វើសកម្មភាពដែលអាចបង្កឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលជាទង្វើផ្ទុយនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។

ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានពន្យល់ជូនតំណាងម្ចាស់ហាង អំពីបទប្បញ្ញត្តិនៃមាត្រា៣៨ នៃច្បាប់ស្តីពី​សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ ហើយបានអនុវត្តការពិន័យ​អន្តរការណ៍ស្របតាមច្បាប់ក្នុងទំហំទឹកប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល។ ជាមួយគ្នានេះ ក.ប.ប. បានណែនាំឱ្យហាងកែតម្រូវជាបន្ទាន់ ដោយដាក់ស្លាកបញ្ជាក់ប្រភេទ និងតម្លៃត្រីឱ្យបានច្បាស់លាស់ ព្រមទាំង​តាំងបង្ហាញផលិតផលដោយឡែកពីគ្នា នៅគ្រប់សាខាទូទាំងរាជធានី-ខេត្ត៕