ក្រុមហ៊ុនហិរញ្ញវត្ថុធំមួយរបស់កូរ៉េ វាយតម្លៃជាវិជ្ជមានលើបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BNK Financial Group នៅកម្ពុជា ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុធំមួយរបស់កូរ៉េ វាយតម្លៃជាវិជ្ជមានលើបរិយាកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Bin Daein ប្រធាន និងនាយកប្រតិបត្តិ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោក Bin Daein បានលើកឡើងពីការកត់សម្គាល់របស់លោកចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបានបង្ហាញការវាយតម្លៃជាវិជ្ជមានចំពោះបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា បន្ទាប់ពីបានមកបំពេញទស្សនកិច្ចដោយផ្ទាល់។

លោក ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BNK Financial Group នៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងផងដែរ។ លោករំពឹងថា ការរីកចម្រើននៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍របស់វិនិយោគិនកូរ៉េបន្ថែមទៀតចំពោះសក្តានុពលវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជម្រាបពីគម្រោងរៀបចំដំណើរទស្សនកិច្ចសម្រាប់ដៃគូអាជីវកម្មពីសាធារណរដ្ឋកូរ៉េ មកកម្ពុជានាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោកស្រីទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការយល់ឃើញជាវិជ្ជមានអំពីប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការបន្តពង្រឹងបរិយាកាសអំណោយផលសម្រាប់វិនិយោគិន។

បន្ថែមលើនេះ លោកស្រីក៏បានជម្រាបជូនអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ផងដែរ៕អត្ថបទ៖ហ្សាលីន