ADB អនុម័តកញ្ចប់ហិរញ្ញប្បទានជាង ៦៣ លានដុល្លារ ពង្រឹងបណ្តាញអគ្គិសនី និងសន្តិសុខថាមពលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។នេះបើយោងតាមការប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ADB បានឱ្យដឹងបន្តថា គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជា នេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។

តាមរយៈគម្រោងនេះ នឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ តំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងសង្កាត់ក្នុងទីក្រុង ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៤៥ផងដែរ៕ អត្ថបទ៖ហ្សាលីន