ខេត្តចំនួន៧ នឹងទទួលបានគម្រោងថ្មីចំនួន ៧ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១១០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលឆាប់ខាងមុខនេះ ខេត្តចំនួន៧របស់កម្ពុជា នឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ ក្នុងតម្លៃទុនប្រមាណ ១១០លានដុល្លារអាម៉េរិក ខណៈពេលនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ បានពិភាក្សាលើសំណើរគម្រោងខាងលើរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៦ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦  ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៦គម្រោង រួមមាន៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារៈ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ និងរោងចក្រផលិតឱសថ និងវិស័យកសិកម្ម-កសិឧស្សាហកម្មចំនួន១គម្រោង៖ កសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី។

គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង និងកំពង់ឆ្នាំង៕ អត្ថបទ៖ហ្សាលីន