សាលាជាតិគយ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធាន ដើមកំណើតទំនិញ” សម្រាប់វិស័យឯកជន

សង្គម​ និង​សេដ្ឋកិច្ច

អនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាជាតិគយ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធាន ដើមកំណើតទំនិញ” សម្រាប់វិស័យឯកជន មកពីសភាពាណិជ្ជកម្មកម្ពុជា (CCC), សមាគមភស្តុភារកម្មកម្ពុជា (CLA), សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា (LOSCBA) , សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham), សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា (CCCC), ក្រុមហ៊ុននាំចេញ-នាំចូល នីតិបុគ្គល និងរូបវន្តបុគ្គលជើងសាគយ សរុប ១៥០ រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកអគ្គនាយករង សុខ សុវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងបង្កើនចំណេះដឹងវិស័យឯកជន លើទិដ្ឋភាពបច្ចេកទេសគយទាំង៣ផ្នែក តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញ ជាពិសេសពីនាយកដ្ឋានផែនការនិងបច្ចេកទេស ដែលផ្តោតលើការរំលឹក និងផ្សព្វផ្សាយពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនិងនីតិវិធីគយថ្មីៗ រួមជាមួយការចែករំលែកបទពិសោធន៍អនុវត្តជាក់ស្តែង និងបញ្ហានានាដែលបានជួបប្រទះកន្លងមក ដើម្បីជាការក្រើនរំលឹកឈានទៅកាត់បន្ថយកំហុសនានាឱ្យបានជាអតិបរមា ក្នុងកិច្ចដំណើការស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងសំអាងដើមកំណើតទំនិញ។

ទន្ទឹមនេះ តាមរយៈវត្តមានចូលរួមយ៉ាងច្រើនកុះករពីមជ្ឈដ្ឋានចម្រុះរបស់វិស័យឯកជន រួមជាមួយមតិចំណាប់អារម្មណ៍របស់ឧកញ៉ាប្រធានសមាគម CLA និងលោកប្រធានសមាគម LOSCBA, លោកអគ្គនាយករង សុខ សុវិទ្យា ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ និងទំនាក់ទំនងល្អនៃភាពជាដៃគូរវាងគយនិងវិស័យឯកជន ដែលកាន់តែមានភាពស៊ីជម្រៅ យល់គ្នាកាន់តែច្បាស់ ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមបានឆាប់រហ័ស។

លោកអគ្គនាយករងបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ស្តាប់ ចាប់យកពុទ្ធិនិងបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តការងារដោយផ្អែកលើនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន ជាជាងការអនុវត្តតាមទំលាប់ ដើម្បីញ៉ាំងឱ្យដំណើរការបំពេញបែបបទគយ ប្រព្រឹត្តទៅបានកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព និងជាប្រយោជន៍ដល់ធុរជនម្ចាស់ទំនិញនិងសង្គមជាតិទាំងមូល៕