ឡាវ ប្តេជ្ញាជំរុញមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឡាវ ប្តេជ្ញាជំរុញមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយជាមួយកម្ពុជាដើម្បីផលប្រយោជន៍ ទៅវិញទៅមកនៃប្រជាជាតិយើងទាំងពីរ។នេះបើយោងតាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ របស់លោក Xaysomphone PHOMVIHANE ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ងើមកកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតនោះ ប្រធានរដ្ឋសភាឡាវ បានបញ្ជាក់ថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា (១៥ មិថុនា ១៩៥៦ -១៥ មិថុនា ២០២៦) តាងនាមរដ្ឋសភាឡាវ ប្រជាជនឡាវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរបំផុតជូនចំពោះ សម្តេចតេជោ និងសមាជិការដ្ឋសភាទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយសង្កេតឃើញថា ក្នុងរយៈពេល៧០ឆ្នាំ កន្លងមកនេះ ចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរគឺ ឡាវ និងកម្ពុជា ត្រូវបានពូនជ្រំ និងពង្រឹងជាបន្តបន្ទាប់ ដោយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសយើងទាំងពីរ។

លោក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ សម្តេចតេជោ ដើម្បីបន្តជំរុញ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ដើម្បីផលប្រយោជន៍ ទៅវិញទៅមកនៃប្រជាជាតិយើងទាំងពីរ។

ជាមួយគ្នានេះ រដ្ឋសភាឡាវ ក៏បានជូនពរឱ្យចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបន្តរីកចម្រើន និងផ្តល់សមិទ្ធផលកាន់តែធំធេងថែមទៀត៕អត្ថបទ៖ហ្សាលីន