សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់យុវជនទាំងឡាយ ថាបើទោះជាខ្លួនកើតមកក្នុងគ្រួសារជួបការលំបាកយ៉ាងណាក៏ដោយ សូមកុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបែបនេះ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុង ឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។
នាឱកាសនោះ សម្ដេចធិបតី ថ្លែងថា គម្លាតនៃជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាប មិនអាចបិទជាមួយនឹងគ្រួសារដែលមានជីវភាពខ្ពស់ ឬមួយជីវភាពមធ្យមភ្លាមទេ។ ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ប្អូនៗក្មួយៗនឹងធ្វើឱ្យមានការខុសគ្នានៅក្នុងរយៈពេល២០ឆ្នាំ។
សម្ដេចធិបតី គូសបញ្ជាក់ថា គម្លាតខួរក្បាលមនុស្សឱ្យតែមានឱកាស មិនប្រាកដថា កូនអ្នកមាននៅភ្នំពេញ រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬខេត្តរតនគិរីនោះទេ។ ជាក់ស្ដែងការប្រឡងសិស្សជាប់និទ្ទេសអេ ក៏មានកូនអ្នកខេត្តប្រឡងឈ្នះកូនអ្នកភ្នំពេញដែរ។
សម្ដេចធិបតី ថ្លែងទៀតថា៖« ប្រជាពលរដ្ឋកម្ពុជា ដាច់ខាតមិនអាចស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ។ មិនមែនមានផ្នត់គំនិត ឱ្យខ្ញុំរៀនហើយចាំរកការងារឱ្យខ្ញុំ រកហើយនៅពេលខ្ញុំនៅមិនរួច ខ្ញុំនៅទីហ្នឹង អត់បង្កើតអីថ្មីទេ ចាំគេរកឱ្យទៀត គឺអត់មានផ្នត់គំនិតបែបនេះទេ»។
ឆ្លៀតឱកាសនោះនោះម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់យុវជនទាំងឡាយ ឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ បើទោះជាខ្លួនកើតមកក្នុងគ្រួសារជួបការលំបាកយ៉ាងណាក៏ដោយ ក៏កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត៕ អត្ថបទ៖ហ្សាលីន

