ស្ថាបនិកសាលាដូង នឹងប្រើប្រាស់សំបកកង់សៃលុន ធ្វើជាថ្នាក់រៀន សម្រាប់ផែនការឆ្នាំ២០២៧

សង្គម​ និង​សេដ្ឋកិច្ច

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ស្ថិតនៅលើភ្នំគិរីរម្យ បានបង្ហើបឱ្យដឹងថា លោកមានផែនការកែច្នៃ​ដោយ​ប្រើប្រាស់សំបកកង់ឡានសៃលុន ធ្វើជាថ្នាក់រៀនទាំងអស់ ឬជាអគារសិក្សារបស់ សៃលុន តែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកសាលាដូងរូបនេះ បានគូសបញ្ជាក់កាលពេលថ្មីៗកន្លងទៅ បែបនេះថា៖ “ផែនការនៅក្នុងឆ្នាំ២០២៧ អគារសិក្សារបស់ សៃលុន ចំពោះសាលាដូង យើងប្រើប្រាស់សំបកកង់សៃលុន មកធ្វើជាថ្នាក់រៀនទាំងអស់។ ដូច្នេះ​យើងធ្វើជាអគាររបស់សៃលុន ឬថ្នាក់រៀន​សៃលុន ដែលជាយុទ្ធសាស្ត្រមួយ ដើម្បីជួយក្នុងការបណ្តុះបណ្តាល​ក្មេងៗ”។

សូមជម្រាបថា កាលខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ​នូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) ជួយឧបត្ថម្ភថវិកាប្រមាណ ២០០០ ដុល្លារអាមេរិក និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុង​ជួបការ​ខ្វះខាត។ ជាមួយគ្នានេះ Sailun ក៏បានប្រកាសប្រមូលសំបកកង់សៃលុន ដែលបានប្រើប្រាស់រួច ដើម្បីយកទៅ​ជួយ​សាងសង់របងសាលាដូងផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅ​ខេត្ត​ស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរថែមទៀតផង៕