សម្តេចតេជោ ណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាមនិងឡាវ ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាមនិងឡាវដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបីនៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបីកាន់តែល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំនេះរបស់សម្ដេចតេជោ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តរតនគិរីសាជាថ្មីដោយសម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

សម្ដេចតេជោ បានបញ្ជាក់ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះនឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្មនិងធនធានរ៉ែ ដែលប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋានមិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋនិងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ ហើយ សម្ដេចតេជោក៏បានណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាមនិងឡាវដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបីនៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបីកាន់តែល្អប្រសើរ៕