ជប៉ុន ផ្តល់ជំនួយឥតសំណងជិត៣លានដុល្លារ ជួយគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ ប្រមាណ២.៨លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សាយចេញ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាម៉េរិក) សម្រាប់គម្រោងហិរញ្ញប្បទាន ត្រូវបានផ្តល់ជូនសម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា គម្រោងនេះ នឹងផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ក្រោយ ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។

ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំង លើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន