លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូត នៃប្រទេសនេប៉ាល់ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងនេប៉ាល់ ហើយបានផ្លាស់ប្តូរយោបល់លើការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ វប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
នៅក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូន ឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕


