កម្ពុជា-ឡាវ ពិនិត្យលទ្ធភាពពន្លឿនការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈរួមក្នុងការពិនិត្យលទ្ធភាពជំរុញ និងពន្លឿនការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម, វិនិយោគ,​ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល និងទេសចរណ៍។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតឡាវ បានពិភាក្សាលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម ដោយ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការពិនិត្យលទ្ធភាពជំរុញ និងពន្លឿនការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយបានសង្កត់ធ្ងន់លើការសម្របសម្រួល និងការធ្វើសាមញ្ញកម្មនៃនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមភស្តុភារកម្ម ដែលជាកត្តាជំរុញដ៏មានឥទ្ធិពលដល់លំហូរពាណិជ្ជកម្មទ្វេភាគី វិស័យទេសចរណ៍ និងការធ្វើដំណើរទៅមកដោយរលូនរបស់ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានលើកកម្ពស់ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងផ្តល់តម្លៃខ្ពស់លើការស្វែងរកកិច្ចសហការរួមគ្នា ដើម្បីបើកទំព័រថ្មីមួយទៀតក្នុងការជំរុញទំហំពាណិជ្ជកម្ម និងលំហូរវិនិយោគទ្វេភាគីឱ្យស្របតាមសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការបង្កលក្ខណៈងាយស្រួលដល់ធុរជន វិនិយោគិន និងសហគ្រាសនៃប្រទេសទាំងពីរ ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតដៃគូយុទ្ធសាស្ត្រ និងការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច៕អត្ថបទ៖ហ្សាលីន