កសិករដាំទុរេននៅឃុំអូរសោម កំពុងបង្កើនការដាំទុរេនបន្ថែមដើម្បីត្រៀមនាំទៅទីផ្សារប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

កសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទទួលបានប្រាក់ចំណេញច្រើនពីការប្រមុលផលទុរេន និងកំពុងបង្កើនការដាំដុះបន្ថែម ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយរាជរដ្ឋាភិបាលបើកទីផ្សារដើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមដំណើរចុះពិនិត្យចម្ការទុរេន នៅឃុំអូរសោម នៃខេត្តពោធិ៍សាត់ ដើម្បីស្ដាប់សំណូមពរកសិករ និងផ្ដល់ការគាំទ្រចាំបាច់ ដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែឧសភា។

ក្នុងដំណើរនោះ លោករដ្ឋមន្រ្តីបានស្តាប់ឮផ្ទាល់ថា កសិករដាំទុរេននៅឃុំអូរសោមទទួលបានប្រាក់ចំណេញច្រើន និងកំពុងបង្កើនការដាំដុះបន្ថែមទៀត ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារដើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។

ជាក់ស្តែង កសិករមួយរូបដែលមានផ្ទៃដីដាំដុះទុរេនចំនួន ៣០ហិកតា បានអះអាងថា លោកអាចរកបានប្រាក់ចំណេញប្រមាណ ២៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកកសិករមួយរូបទៀតក៏កំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូរសោម ដើម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។

សូមបញ្ជាក់ថា ក្រសួងកសិកម្មគ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា  QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទានផងដែរ៕