លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងថា រឿងកសិកម្ម តម្លៃស្រូវ ដែលមានបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ តាមការអង្កេតតម្លៃអង្ករនៅទីផ្សារអន្តរជាតិបានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន(២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ(២០២៥)។

ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្ដាល កាលពីថ្ងៃទី២៨ កញ្ញាកន្លងទៅ លោក កៅ ថាច បានថ្លែងថា កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។
លោកក៏បានពន្យល់ដល់កសិករថា រឿងកសិកម្ម តម្លៃស្រូវ ដែលបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ តាមការអង្កេតតម្លៃអង្ករនៅទីផ្សារអន្តរជាតិបានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន(២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ(២០២៥) ជាពិសេស ប្រទេសធំៗរួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ដែលការណ៍នេះ ធ្វើឱ្យតម្រូវការអង្ករមានការថយចុះ សង្ឃឹមថា តម្លៃអង្ករនឹងល្អវិញនៅចុងឆ្នាំនេះ។

ទន្ទឹមនឹងនោះ លោកក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃផលិតដើមក្នុង១ឯកតា ឧទាហរណ៍ ផលិតស្រូវ១គីឡូក្រាម ចំណាយប្រាក់អស់ប៉ុន្មានរៀល ឬចិញ្ចឹមមាន់១ក្បាលរហូតដល់ថ្ងៃចាប់លក់ ចំណាយអស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ, និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។ ម្យ៉ាងទៀត ការចងក្រងជាបណ្តាញ ឬជាក្រុមអ្នកផលិតក្នុងស្រុកខ្សាច់កណ្តាញឱ្យបានច្រើនជារឿងសំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យបានជាប់ជាប្រចាំលើទីផ្សារប្រកបដោយគុណភាព តម្លៃសមរម្យ កាត់បន្ថយថ្លៃដើមផលិត និងមានភាពប្រកួតប្រជែងខ្ពស់៕



