សម្តេចធិបតី៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីអង្គការវិជ្ជាជីវៈចំនួន ៦ ៩២០

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមត្រីមាសទី១ ពោលគិតចាប់ពីខែមករា ដល់ខែមមីនា ឆ្នាំ២០២៦នេះ អង្គការវិជ្ជាជីវៈនៅកម្ពុជា ចំនួន ៦ ៩២០ ត្រូវបានចុះបញ្ជីកា។ នេះបើយោងតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ផ្សាយចេញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅសារលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តខិតខំលើកកម្ពស់សុខដុមនីយកម្មនិងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាម ច្បាប់ជាតិនិងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាលទ្ធផល គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ អង្គការវិជ្ជាជីវៈចំនួន ៦ ៩២០ បានចុះបញ្ជីកា ក្នុងនោះរួមមាន សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន៦ ៥៧៩ និងសមាគមនិយោជកចំនួន ១៣។

ដោយឡែក យន្តការដោះស្រាយវិវាទការងារត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរជាងមុន ទាំងនៅកម្រិតក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសម្រេចបានអត្រាសះជាខ្ពស់រហូតដល់ ៩៧.៩២% ដែលតួលេខនេះ ឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈនិងស្ថិរភាពក្នុងចង្វាក់ផលិតកម្ម។

ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ខាងការងារ អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសចំនួន ៦ដំណាក់កាល និងកម្មវិធីមុខរបរនិងការងារ សមរម្យសម្រាប់យុវជនកម្ពុជាចំនួន ៣ដំណាក់កាល គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ កម្ពុជាក៏បានដើរតួជា ប្រទេសត្រួសត្រាយផ្លូវគំរូ ក្នុងគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់ អន្តរកាលយុត្តិធម៌ ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ កាលពីចុងឆ្នាំ២០២៤ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់បំផុត៕អត្ថបទ៖ហ្សាលីន