ចំពោះមុខសម្តេច ហ៊ុន សែន ប្រធានាធិបតីអាល្លឺម៉ង់ បង្ហាញមហិច្ឆតាពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកនិងភរិយា អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះលោក ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសក្នុងនាមជាប្រធានាធិបតីទី១របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកធ្វើទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនោះដែរលោក ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោផងដែរអំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាមួយគ្នានោះ ប្រធានាធីបតីអាល្លឺម៉ងក៏បានជម្រាបជូនសម្តេចតេជោ ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលដោះមីន អ្វីដែលលោកបានឃើញគឺការដោះមីននោះ គឺបានជួយដល់ជីវិតប្រជាជន, សម្អាតមីនឲ្យប្រជាជនបានវិលត្រឡប់ទៅរស់នៅ និងធ្វើការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់ លើវិស័យដោះមីន គឺមានអត្ថន័យណាស់ និងត្រឹមត្រូវណាស់។

លើសពីនេះ លោក ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចថា លោក បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជាហើយដែលនឹងកំពុងត្រូវការការថែរក្សា។ ទន្ទឹមនឹងនោះលោកបានសម្ដែងនូវការរីករាយពេញចិត្តជាមួយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ រយៈពេល ២៥ឆ្នាំកន្លងមក ហើយបានជម្រាបជូនសម្ដេចតេជោថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅបន្តទៀត ។

ថ្លែងក្នុងជំនួបនាវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី១៥កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះប្រធានាធិតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។

សម្ដេចតេជោបានជម្រាបជូនលោកប្រធានាធិបតី អំពីស្ថានភាពនៅកម្ពុជា ដែលត្រូវដោះមីនឲ្យអស់នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីននៅប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយការជួយបង្ហាត់កងទ័ពអ៊ុយក្រែន លើបញ្ហាដោះមីន ដែលជាការងារមនុស្សធម៌ កុំឱ្យសត្រូវកំបាំងមុខនេះបង្ករបញ្ហាដល់ជនស្លូតត្រង់។

ដោយឡែកពាក់ព័ន្ធនឹងប្រាង្គប្រាសាទនៅកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជាបន្ទុកមួយផងដែរ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ ក្នុងពេល ២៥ឆ្នាំកន្លងមក។

ជាមួយគ្នានោះផងដែរ សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕