ក្រសួងបរិស្ថាន និងធនាគារពិភពលោក ពង្រឹងគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍កម្ពុជា សំដៅឈានទៅការពារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិ ដើម្បីជាទ្រព្យសម្បត្តិជាតិប្រកបដោយផលិតភាព។ នេះបើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុករបស់ធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ធនាគារពិភពលោក បានឱ្យដឹងបន្ថថា កាលពីសប្តាហ៍មុន អនុប្រធានធនាគារពិភពលោក លោក Guangzhe Chen បានជួបពិភាក្សាជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការគាំទ្ររបស់ធនាគារពិភពលោកចំពោះកម្ពុជា។
តាមរយៈជំនួបនេះ បានពិភាក្សាពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍កម្ពុជាបានពង្រឹងការគ្រប់គ្រងការអភិរក្សលើផ្ទៃដីជាង ៤០៦.០០០ហិកតា បានពង្រីកការរៀបចំផែនការតំបន់ការពារ ពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្អែកលើធម្មជាតិ គាំទ្រផ្លូវប្រវែងជិត ៩៨គីឡូម៉ែត្រ និងផ្តល់សេវាអនាម័យប្រសើរដល់ប្រជាជនជាង ១សែននាក់។

ការពិភាក្សានេះ ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការចាត់ទុកព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី មិនត្រឹមតែជាធនធានដែលត្រូវការពារប៉ុណ្ណោះទេ ថែមទាំងជាទ្រព្យសម្បត្តិជាតិប្រកបដោយផលិតភាព ដែលរួមចំណែកដល់សន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ ការអភិរក្សជីវចម្រុះ ការបង្កើតការងារ និងការចូលរួមពីវិស័យឯកជនដើម្បីកំណើន។
នៅក្នុងឱកាសនោះដែរ ធនាគារពិភពលោក បានសង្កត់ធ្ងន់ថា ធនាគារពិភពលោកនៅតែជាដៃគូ ក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍ប្រកបដោយភាពបៃតង ភាពធន់នឹងផលប៉ះពាល់ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នរបស់កម្ពុជា៕ អត្ថបទ៖ហ្សាលីន


