ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងតាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងទិវា“ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦។

សារលិខិតដែលផ្សាយចេញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នោះ បានបង្ហាញថា ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។
របាយការណ៍នេះ បានបញ្ជាក់ថា ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើយើងខកខានមិនបានផ្តល់ ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។

តាមរយៈសារលិខិត ខាងលើ បានបញញជាក់ទៀតដែរថា បើយោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ ប្រជាជន កម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។
ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល៕ អត្ថបទ៖ហ្សាលីន

