រាជរដ្ឋាភិបាល បានអនុម័តគម្រោងបង្កើតរោងចក្រ៦បន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានបន្តចុះបញ្ជីដល់រោងចក្រសហគ្រាសឱ្យធ្វើការវិនិយោគលើគម្រោងចំនួន ៦បន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤.៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៧ ៥៨៤កន្លែង។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៥ កញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម CDC តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន៦ នោះរួមមាន៖

១,គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ មានទីតាំងស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ និងអាចបង្កើតការងារបាន ១២០កន្លែង។

២,គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនប្រមាណ ៦.៣លានដុល្លារ អាចបង្កើតការងារបាន ១៨០កន្លែង។

៣​,គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនប្រមាណ ៥.៦លានដុល្លារ អាចបង្កើតការងារបាន ៤.០៤០កន្លែង។

៤,គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនប្រមាណ ៥.៤លានដុល្លារ អាចបង្កើតការងារបាន១.៣៥៨កន្លែង។

៥,គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ស្ថិតនៅភូមិចាក់កំបិត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនប្រមាណ ៥.២លានដុល្លារ អាចបង្កើតការងារបាន ៣០០កន្លែង។

៦,គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនប្រមាណ ៥.១លានដុល្លារ និងអាចបង្កើតការងារបាន១.៥៨៦កន្លែង។

គួរឱ្យដឹងផងដែរថា រយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប៩៣គម្រោង ក្នុងទុនប្រមាណជា៩៣៧.៥៤លានដុល្លារ មានសមត្ថភាពបង្កើតការងារប្រមាណ១០ ៨៤៥៦កន្លែង។ដោយឡែក ក្នុងខែកញ្ញានេះ មានគម្រោង១៦គម្រោង ក្នុងទុនប្រមាណ ១៨១.០៥លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២១​ ១៣៥កន្លែងផងដែរ៕