គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក(WB) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៩០,៣៤%ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

លោក រស់ វណ្ណា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក(WB) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា បណ្តាញលូខ្នែង ខ្នែងរង ប្រវែងប្រមាណ ៥៥,២៥ គីឡូម៉ែត្រ ត្រូវបានសាងសង់រួច ដែលស្មើនឹង ៩២,០៨% នៃគោលដៅប្រវែង ៦០ គីឡូម៉ែត្រ តាមរយៈអនុគម្រោង MPWT-CW-1A ៖ ការងារសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះមានប្រវែង ២៨,២៣៦គ.ម អនុគម្រោង MPWT-CW-3 ៖ ការងារស្ដារធ្វើឱ្យប្រសើរឡើងវិញស្ថានីយបូមទាំងបីទីតាំង (វត្តចក សាលាកន្សែង និងជន្លង់) អនុគម្រោង MPWT-CW-4 ៖ ការងារស្ដារធ្វើឱ្យប្រសើរឡើងវិញស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សំបួរ អនុគម្រោងMPWT-CW-6A ៖ ការងារសាងសង់បណ្តាញលូខ្នែង និងខ្នែងរងមានប្រវែង ១៧,៥៧៧គ.ម តំណភ្ជាប់តាមផ្ទះ និងសាងសង់ស្ថានីយបូមថ្មីចំនួនពីរទីតាំង និងអនុគម្រោង MPWT-CW-9 ៖ ការងារសាងសង់បណ្តាញលូខ្នែង និងខ្នែងរងមានប្រវែង៦,៥០គ.ម និងតំណភ្ជាប់តាមផ្ទះ ចំនួន ៤៦៧តំណ នៅក្រុងសៀមរាប ខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្រមាណ ២២,៧០៧ នាក់ ដែលស្មើនឹង ៩៨.៧៣% នៃគោលដៅរបស់គម្រោងចំនួន ២៣,០០០នាក់ ដែលស្ត្រីមានប្រមាណ ១១,១៣០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ១៩៥នាក់ ជាប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពក្រីក្រ (ID-poor 1 និង ID-poor 2) និងប្រជាពលរដ្ឋចំនួន ២៦៨ នាក់ ជាប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពមានពិការភាព និងស្ត្រីមេម៉ាយ បានទទួលសេវាអនាម័យ តាមរយៈការតភ្ជាប់ទៅប្រព័ន្ធលូទឹកកខ្វក់ក្នុងគម្រោងដោយឥតគិតថ្លៃ៕ អត្ថបទ៖ហ្សាលីន

