លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alpes (UGA) នាទីក្រុងហ្ក្រឺណូប ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ក្នុងពិធីចុះហត្ថលេខាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ រួមមានMOU រវាង ក.ប.ទ. និងសាកលវិទ្យាល័យ UGA ដើម្បីបង្កើតក្របខណ្ឌទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងស្រាវជ្រាវក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូត្រីភាគីរវាង ក.ប.ទ. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យ UGA ក្នុងគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ។

បន្ថែមលើនេះ គណៈប្រតិភូ ក.ប.ទ. ក៏បានស្វែងរកឱកាសសហការបន្ថែមទៀតតាមរយ:ការជួបពិភាក្សាការងារជាមួយវិទ្យាស្ថាន និងមន្ទីរពិសោធន៍ឈានមុខគេរបស់បារាំង។ កិច្ចពិភាក្សាជាយុទ្ធសាស្ត្រទាំងនោះបានផ្តោតលើការពង្រីកការអប់រំ និងការស្រាវជ្រាវលើជំនាញបច្ចេកវិទ្យាទំនើបៗជំនាន់ថ្មីដូចជា សន្តិសុខសាយប័រ មីក្រូអេឡិចត្រូនិក វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច ព្រមទាំងវិស្វកម្មអវកាសនិងផ្កាយរណប។
បើតាមក្រសួងប្រៃសនីយ៍ ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទាំងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការកសាងសមត្ថភាពក្នុងស្រុកដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលឈានមុខនៅកម្ពុជានាពេលអនាគត៕


