ក្រុមហ៊ុនសំបកកង់រថយន្តម៉ាក សៃលុន (Sailun) បាននិងកំពុងដាក់ចេញនូវផែនការ វាតទីផ្សារនៅកម្ពុជា ដោយរុញច្រានផលិតផលកង់ឡាននាំចូល ចេញពីក្នុងស្រុក ហើយអតិថិជនអាចងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិ។ ជាក់ស្តែង ថ្មីៗនេះក្រុមហ៊ុនប្រេងមួយនៅក្នុងប្រទេសកម្ពុជា បានសម្រេចចិត្តឈប់ប្រើប្រាស់សំបកកង់នាំចូល ដោយងាកមកគាំទ្រសំបកកង់ឡានដែលផលិតក្នុងស្រុក ម៉ាក សៃលុន ជំនួសជាផ្លូវការវិញ។

ក្រុមហ៊ុនផលិតសំបកកង់ Sailun កំពុងសម្រុកផលិតប្រើប្រាស់ជ័រកៅស៊ូខ្មែរ និងដណ្តើមទីផ្សារក្នុងស្រុក ដោយសហការជាមួយម្ចាស់ដេប៉ូ ដៃគូ ជាពិសេសការគាំទ្រពីសំណាក់អតិថិជន អ្នកប្រើប្រាស់ ដែលយល់និងផ្តល់តម្លៃ ក៏ដូចជាផ្តល់នូវទំនុកចិត្តលើផលិតផលដែលផលិតពីកៅស៊ូខ្មែរ និងរោងចក្រផលិតសំបកកង់នៅខ្មែរ ព្រមទាំងការផ្តល់ឱកាសការងារយ៉ាងច្រើននៅកម្ពុជា។
ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅបែបនេះហើយ បានជារោងចក្រ សៃលុន ផលិតសំបកកង់ឡានទៅតាមតម្រូវការទីផ្សារ ជាច្រើនប្រភេទផ្សេងៗទៀតដូចជា ប្រភេទអគ្គីសនី (EV), សំបកកង់កូនកាត់ ប្រើបានទាំងឡានអគ្គិសនី អគ្គីសនីលាយសាំង (Hybrid) និងសាំង ក្នុងតម្លៃធូរលំដាប់ថវិកា ដូចសំបកកង់ធម្មតា។ ពិសេសថ្មីៗនេះ Sailun កម្ពុជាដើរដល់ដំណាក់កាលទី៤ តាមផែនការណ៍របស់ខ្លួន ក៏ជាដំណាក់កាលផ្នែកឧស្សាហកម្ម ដែលដំណាក់កាលនេះស្របទៅនឹងឧស្សាហកម្ម ៤.០ ដូចគ្នា ឈានដល់ការផលិតសំបកកង់តាន់សម្រាប់ forklift (Sailun | Maxam) ដែលជាសំបកកង់ប្រភេទគ្រឿងចក្រធ្ងន់ៗផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរ។







