ប្រធានរដ្ឋឡាវពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះសម្តេចធិបតី បានជម្រាបប្រធានរដ្ឋអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ ដោយបានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខានិងដោះស្រាយបញ្ហាមួយចំនួន ដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

ទន្ទឹមនោះ ប្រធានរដ្ឋឡាវពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលសម្តេចធិបតីបានគូសបញ្ជាក់ ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។ បន្ថែមទៀតនោះ លោកបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរប្រធានរដ្ឋឡាវក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ហើយមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អនេះនឹងក្លាយជាមុដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ។

ប្រធានរដ្ឋ លោក ថងលុន ស៊ីសុលីត បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផង របង ជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕