រដ្ឋបាលខេត្តកំពង់ស្ពឺ សំណូមពរប្រជាពលរដ្ឋ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀង កំពុងបន្តធ្លាក់ខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពី ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅ លើតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមសំណូមពរដល់ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ទាំងអស់ ដែលមានបំណងអញ្ជើញទៅកំសាន្តនៅលើតំបន់ទេសចរណ៍ ខ្នងផ្សារ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងបន្តធ្លាក់ខ្លាំង។

ក្នុងករណីនេះ សូម បងប្អូនភ្ញៀវទេសចរណ៍ និងសាធារណជន មេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ឬសហគមន៍ទេសចរណ៍ ដើម្បីចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា។ អាស្រ័យហេតុនេះ សូម បងប្អូនភ្ញៀវទេសចរណ៍ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសហការឱ្យមានប្រសិទ្ធភាពខ្ពស់៕