ក្រសួងចំនួន២ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរ៉ែ និងថាមពល ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈនៅកម្ពុជា។ ពិធីនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងទាំង២ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

សូមជម្រាបដែរថា ពិធីចុះអនុស្សរណៈនាពេលនេះ មានគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់តាមបណ្តាញផ្លូវថ្នល់៕ អត្ថបទ៖ហ្សាលីន


