ក្រសួងកសិកម្ម បើកកិច្ចប្រជុំបន្ទាន់ ពិភាក្សាលើការប្រើប្រាស់កញ្ចប់ថវិកា ១០០ លានដុល្លារ ដើម្បីជួយរក្សាលំនឹងថ្លៃកសិផលជូនប្រជាកសិករ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមាន លោក តូច ប៊ុនហួរ, លោក យ៉ង សាំងកុមារ និង លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា​លើការប្រើប្រាស់កញ្ចប់ឥណទានថវិកាចំនួន​ ១០០លានដុល្លារ​ របស់រាជរដ្ឋាភិបាល​ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៥​ ដើម្បីជួយរក្សាលំនឹងថ្លៃកសិផលឱ្យអស់ពីលទ្ធភាព​ ជាប្រយោជន៍ដល់ប្រជាកសិករ។

សូមជម្រាបជូនថា​ កម្មវិធីគោលនយោបាយនេះ​ត្រូវបានប្រកាសជាផ្លូវការ​ កាលពីចុងឆ្នាំ២០២៣​ ដោយ​ សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី​។ កន្លងមក​ ជាមួយការតម្រង់ទិស​ របស់ លោក ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ត​ម្លៃ​បានស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល​ និងបានផ្តល់កិច្ចអន្តរាគមន៍ចំនួន​ ៥លើក​ ក្នុងរូបភាពជាកម្ចីការប្រាក់ទាបដល់រោងម៉ាស៊ីនកិនស្រូវ​ តាមរយ:ធនាគារអភិវឌ្ឍជនបទ​ និងកសិកម្ម​ ដើម្បីបង្កើនសមត្ថភាពប្រមូលទិញស្រូវ និងជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាកសិករ​ ប្រកបដោយប្រសិទ្ធភាព​ សំដៅធានាសន្តិសុខស្បៀង​ និងលើកកម្ពស់ជីវភាពប្រជាកសិករ។

គួរឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះផងដែរ​ ថ្នាក់ដឹកនាំ​ក្រសួង​ និងក្រុមការងារលេខាធិការដ្ឋាន​ ក៏បានប្រជុំពិភាក្សា​ និងវាយតម្លៃលើប្រភេទកសិផលអាទិភាព​មួយចំនួនដែលគួរស្នើសុំអន្តរាគមន៍​ ជាពិសេសដំណាំស្រូវ​ ដោយផ្តោតលើតួអង្គដែលអាចស្នើសុំ និងលទ្ធភាពទទួលបានឥណទានអន្តរាគមន៍​ ត្រៀមសម្រាប់កិច្ចប្រជុំ​ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ត​ម្លៃ​ នាពេលខាងមុខ៕