ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាក្រុមហ៊ុនធំមួយរបស់ចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា ខណៈក្រុមហ៊ុនបានសិក្សាលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែនៅកម្ពុជាផងដែរ។នេះបើតាមជំនួបពិភាក្សាកាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុនក៏ជម្រាបពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់ផ្លូវដែក និងធនធានរ៉ែ។ សម្ដេចថា រដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។
សូមជម្រាបដែរថា ក្រុមហ៊ុន CHINALCO ជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ជាដើម៕អត្ថបទ៖ហ្សាលីន


