រដ្ឋមន្រ្ដីក្រសួងការងារ លើកទឹកចិត្តយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារ និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ហេង សួរ បានលើកឡើងអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី ដែលជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (ធីវេត “TVET”) ធ្វើជា ស្ពានចម្លង សម្រាប់កសាងអនាគតដ៏ត្រឹមត្រូវ។

លោករដ្ឋមន្រ្ដីបានលើកយកប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ។ ជំនាញ TVET មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗ និងឆ្លើយតបតម្រូវការទីផ្សារការងារព្រមទាំងជួយកសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។

លោករដ្ឋមន្រ្ដីបន្ដថា ការចាប់យកការសិក្សាជំនាញ TVET ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ ៩០% ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

លោក ហេង សួរ បានជំរុញឱ្យសិស្ស-និស្សិតបន្តរៀនសូត្រពេញមួយជីវិត ជាពិសេសពង្រឹងជំនាញទន់ បង្កើនជំនាញនិងផ្លាស់ប្តូរជំនាញ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។ ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាលបន្តគាំទ្រកូនចៅឱ្យជ្រើសរើសការសិក្សាជំនាញ TVET សម្រាប់កសាងអនាគត និងលើកកម្ពស់ជីវភាពគ្រួសារ។

លោក ហេង សួរ ក៏បានណែនាំដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពតកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន៕